នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនទៅចែកជូនដល់លោកគ្រូ អ្នកគ្រូ និងកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រា ២ធ្នូ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលនូវទុក្ខលំបាកក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវ បានមានប្រសាសន៍ពាំនាំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែនឹករលឹកដល់កុមារកំព្រាដែលបាននឹងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស។ លោកជំទាវបានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងអនាម័យក្នុងការរស់នៅ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។
លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតកាន់តែខ្លាំង ដូចនេះការរស់នៅក្នុងមណ្ឌលសូមក្មួយៗ ចៅៗ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស លាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុលជាប់ជាប្រចាំ និងការរក្សាគម្លាតក្នុងការប្រាស្រ័យទាក់ទងគ្នា។
អំណោយដែលបានផ្តល់ជូនក្នុងឱកាសនោះរួមមាន ៖ អង្ករ១តោន មី១០កេះ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ម៉ាស់ ទឹកអាល់កុល ទឹកផ្លែឈើ ទឹកក្រូច ទឹកបរិសុទ្ធ នំសាកឺរ៉ា
និងចែកជូនថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូដែលគ្រប់គ្រងមើលថែកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រានោះផងដែរ៕